នាយកវិទ្យាល័យថ្មគោល ដើរសុំស្នាមមេដៃពីគ្រូឲ្យគាំទ្រខ្លួន

នាយកវិទ្យាល័យថ្មគោល ដើរសុំស្នាមមេដៃពីគ្រូឲ្យគាំទ្រខ្លួន

   ករណីលោក ហ៊ីង ស៊ុនថារិទ្ធ នាយកវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង ធ្លាប់មានរឿងអាស្រូវពុករលួយ ដែល CPN TV បានផ្សាយម្ដងរួចមកហើយកាលពីប៉ុន្មានថ្ងៃមុន ដើម្បីឲ្យលោករដ្ឋមន្រ្ដីក្រសួងអប់រំយុវជននិងកីឡាបានជ្រាបនោះ ស្រាប់​​តែឥឡូវលោកនាយកវិទ្យាល័យនេះទំនងជាភ័យខ្លួនខ្លាចក្រុមអធិការកិច្ចក្រសួងចុះទៅស៊ើបអង្កេត ក៏ដើរ​អង្វរ​លោក​គ្រូ អ្នកគ្រូ ឲ្យជួយផ្ដិតមេដៃគាំទ្រ ដើម្បីលុបលាងនូវអំពើមិនល្អរបស់ខ្លួន ។

     លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យថ្មគោល បានឲ្យ CPN ដឹងកាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ថា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកក្នុងវិទ្យាល័យនេះ មានជិត១០០នាក់ ហើយអ្នកព្រមផ្ដិតមេដៃ តាមការសុំអង្វរពីលោកនាយកនោះ មានតែជាង១០នាក់ទេ ហើយអ្នកព្រមផ្ដិតមេដៃនោះទៀតសោត គឺក្នុងនាមទើសទាល់ មិនហ៊ានជំទាស់តែប៉ុណ្ណោះ ។ លោកគ្រូ អ្នកគ្រូ ខ្លះបានបញ្ចេញមតិថា លោក ហ៊ីង ស៊ុនថារិទ្ធ ខ្លួនឯងធ្វើខុស ត្រូវគ្រូៗប្ដឹង បែរជាមកសុំលោកគ្រូ អ្នកគ្រូ ខ្លះ ឲ្យ​ជួយ​ផ្ដិត​មេ​ដៃ​គាំទ្រថាខ្លួនស្អាតស្អំ មិនពិតដូចការប្ដឹងនោះទេ ។

     លោកគ្រូ អ្នកគ្រូ ដែលបានផ្ដិតមេដៃគាំទ្រខ្លះ បានលួចខ្សឹបមក CPN ថា បើមេមកអង្វរសុំឲ្យជួយហើយ បើពួកគាត់​មិន​ជួយ​ខ្លាចលោកនាយកអន់ចិត្ត ឬក៏គុំគួន អញ្ចឹងចេះតែផ្ដិតៗទៅ ។ លោកគ្រូ អ្នកគ្រូ ខ្លះ បាន​បន្ថែមថា បើលោក ហ៊ីង ស៊ុនថារិទ្ធ ខ្លាំង ឬក៏មិនខូច សូមឲ្យបោះឆ្នោតជាសម្ងាត់សាកមើលទៅ តែករណី​ដើរ​យក​ស្នាម​មេដៃចំពោះ​មុខ​ហើយ ​នរណាក៏​គេផ្ដិត​ឲ្យ​ដែរ ​ព្រោះបើមិនផ្ដិតហាក់បីដូចជាប្រឆាំងជាមួយលោកនាយកចំហពេក ។ លោកគ្រូ អ្នកគ្រូ បន្តថា បើលោក​នាយក​គ្មាន​កំហុស ​ខ្លាចអីឲ្យគេធ្វើអធិការកិច្ចទៅ ចាំបាច់អីដើរសុំស្នាមមេដៃឲ្យគាំទ្រខ្លួន ករណីនេះមាន​តែ​លោកគ្រូ អ្នកគ្រូ ជាង​១០នាក់ទេ គាំទ្រ រីឯលោកគ្រូ អ្នកគ្រូ រាប់សិបនាក់ទៀត អត់ផ្ដិតមេដៃឲ្យទេ ក្នុងនោះក៏មាន​នាយក​​រង​ខ្លះ​មិន​ផ្ដិត​ឲ្យ​ដែរ ។ លោកគ្រូ អ្នកគ្រូ បន្ថែមទៀតថា សម័យនេះ​ទៅហើយ​គេលែង​ប្រើស្ទីលសុំ​មេដៃគាំទ្រ​ហើយ​ បើខុសថាខុស បើត្រូវ​ថា​ត្រូវ នោះ​ទើប​សមរម្យ ។

     បញ្ហានេះបន្ទាប់ពី CPN ផ្សាយមកមានប្រិយមិត្តផ្ញើសារមកជាច្រើនថា លោក ហ៊ីង ស៊ុនថារិទ្ធ ស៊ីដាច់លុយផ្ញើកង់-ម៉ូតូ កន្លែងលក់ដូរ  លុយជំនួយ ឬលុយក្នុងគម្រោងរបស់ក្រសួង និង​ការ​ដក​លុយ​ចាយ​ខុស​ខ្ទង់ជាដើម ដោយមិន​ឆ្លង​យោបល់​​ថ្នាក់ក្រោមទេ គឺគាត់ធ្វើអ្វីៗតាមទំនើងចិត្តរបស់គាត់ អ៊ីចឹងហើយបានជាលោកគ្រូ អ្នកគ្រូ ថា លោកនាយក​មិន​សម​ជាថ្នាក់ដឹកនាំវិទ្យាល័យថ្មគោលនេះទេ ។

     គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ មានលោកគ្រូម្នាក់ឈ្មោះ វ៉ាន់ ប៊ុនណា បាន​ប្ដឹង​លោក​នាយក​នេះទៅ​ក្រសួង​អប់​រំ ឲ្យជួយមានវិធានការតាមច្បាប់ តែរហូតមកដល់ពេលនេះ មិនដឹងថា ខាងក្រសួង​បានចុះ​ទៅធ្វើ​អធិការកិច្ច​នៅ​ឡើយ​​ទេ ។ ជុំវិញករណីកូនចៅប្ដឹងមេខ្លួនឯងនេះ CPN មិនអាចសុំការបកស្រាយពីលោក ហ៊ីង ស៊ុនថារិទ្ធ នាយក​វិទ្យាល័យ​ថ្មគោលបានទេ ។ ដោយឡែកលោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យម៉ឺនជ័យ ខេត្តបាត់ដំបង ដែរនោះ បានខ្សឹប​មក​ CPN ថា សូមឲ្យចុះទៅមើលនាយកអនុវិទ្យាល័យម៉ឺនជ័យ ផង ព្រោះមានរឿងអាស្រូវខ្លះជិតផ្ទុះហើយ ។ ដូច្នេះ​ករណី​អនុវិទ្យាល័យម៉ឺនជ័យ នេះ CPN នឹងផ្សាយនៅថ្ងៃខាងមុខឆាប់ៗ ខណៈរកបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ៕    



------------------------------------------------------------------------


ទំនាក់ទំនងថតនិងផ្សាយស្ពតពាណិជ្ជកម្មគ្រប់ប្រភេទ



Comments